កាលបរិច្ឆេទ: ០៨ មេសា ២០២៤ / សុខភាព / Author : ATH Sokren
ជាពិព័រណ៍ឱសថដ៏ធំជាងគេរៀបចំឡើងនៅទីក្រុងប៉ារីសអស់រយៈពេល៣៧ឆ្នាំមកហើយ នៅឆ្នាំ២០២៤នេះ។ PharmagoraPlus ទទួលបានអ្នកចូលរួមតាំងពិព័រណ៍ផលិតផលឱសថ និងភ្ញៀវចូលទស្សនាប្រមាណជាង ១៣.០០០នាក់ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមីនាកន្លងទៅនេះ នៅ Porte de Versailles ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកមានអាជីពទាក់ទងនឹងឱសថ ដូចជាឱសថការី ក្រុមហ៊ុនផលិតឱសថ ក្រុមហ៊ុនចែកចាយ និងតួអង្គពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
ជាក់ស្តែង សហគ្រាសផលិតឱសថប៉េប៉េអឹមដែលជាដៃគូសហការជាមួយក្រុមហ៊ុនចែកចាយឱសថ CERP-Bretagne Atlantique ក៏មានវត្តមាននៅទីនោះដែរ គឺជាវត្តមានរបស់លោកប្រធានអគ្គនាយកក្រុមហ៊ុន លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង លោកស្រី Coumba Diallo ប្រធានទីផ្សារអន្តរជាតិរបស់សហគ្រាសផលិតឱសថប៉េបប៉េអឹមនៅតំបន់អាហ្វ្រិក និងលោកតិច ស៊ីម៉ូ នាយកទីផ្សារប៉េប៉េអឹមនៅកម្ពុជា។
ពេលត្រឡប់មកដល់ទីក្រុងភ្នំពេញវិញ លោកតិច ស៊ីម៉ូ បានឱ្យដឹងថា៖ «សម្រាប់សហគ្រាសផលិតឱសថប៉េប៉េអឹម ចូលរួមក្នុងពិព័រណ៍ឱសថ PharmagoraPlus ជាមួយក្រុមហ៊ុនចែកចាយឱសថ CERP-Bretagne Atlantique គឺជាឱកាសដ៏ល្អមួយដើម្បីពង្រីកទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។ ព្រឹត្តិការណ៍នេះផ្តល់ឱកាសឱ្យសហគ្រាសអាចបង្កើតបណ្តាញទាក់ទងដើម្បីរឹតបន្តឹងចំណងទាក់ទងជាមួយដៃគូសហការដែលមានស្រាប់ និងឈានទៅបង្កើតទំនាក់ទំនងថ្មីៗ នៅក្នុងវិស័យឧស្សាហកម្មឱសថនៅលើពិភពលោក»៕